• RSS
  • Delicious
  • Digg
  • Facebook
  • Twitter

Tuesday, March 10, 2015

ជនសង្ស័យម្នាក់​ដែលបាញ់ជាង​៣០គ្រាប់​គំរាមប៉ូលិស​ចរាចរណ៍ក្រុងច្បារមន​ចូលសារភាពនៅព្រឹកនេះ

រាជធានីភ្នំពេញ ៖​ជនសង្ស័យម្នាក់​ដែលប្រើកំាភ្លើង​ម៉ាកឡុកបាញ់​ជាង៣០គ្រាប់​ឡើងលើគំរាមប៉ូលិសចរាចរណ៍ ​ខណៈដែលនគរបាល​ចរាចរណ៍ក្រុង​ច្បារមន​ ខេត្តកំពង់ស្ពឺ​ឃាត់ផាកពិន័យតាមច្បាប់ពីបទ​បើកបរលើសល្បឿនកំណត់ ​បានចូលសារភាព​នៅស្នងការដ្ឋាន​នគរបាលរាជធានីភ្នំពេញ ។
បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បានបញ្ជាក់ឲ្យដឹងនៅប៉ុន្មាននាទីមុននេះថា​ បន្ទាប់ពីចូលសារភាពរួចមក​ នៅម៉ោងជិត១០ព្រឹកថ្ងៃទី១០​ មីនា​ដដែលនេះ​ ប៉ូលិសរាជធានី​ភ្នំពេញក៍បានបញ្ជូនបន្ត​ទៅស្នងការដ្ឋាន​នគរបាលខេត្តកំពង់ស្ពឺ​ដើម្បីចាត់ចែង​តាមនីតិវិធីច្បាប់ ។
សេចក្តីរាយការណ៍បានបន្តថា​ ការណ៍ដែលឈ្មោះ​ ជិន ស៊ីណាត ​ភេទប្រុស អាយុ៤២ឆ្នាំ ​មានទីលំនៅផ្ទះលេខ៧២ Eo ​សង្កាត់-ខណ្ឌជ្រោយចង្វា​  និងមានមុខរបរជាអ្នកទិញលក់រថយន្ត ​ចូលសារភាពនៅព្រឹកនេះ​ដោយសារមានការណែនំា​បញ្ចុះបញ្ចូលពីមិត្តភក្តិ ។
គួររំលឹកថា​ រថយន្ត​ម៉ាក​មែរហ្សឺដែស​មួយគ្រឿង ​ពណ៌ខ្មៅ ​ជិះ​ដោយ​បុរស​២នាក់​ស្លៀក​ពាក់​​ស៊ីវិល​​បើកបរ​ក្នុងល្បឿន​៩៥​គីឡូ​ម៉ែត្រ​ ក្នុង​មួយម៉ោង​ ធ្វើ​ដំណើរ​ពីលិចទៅកើត​​ បានបាញ់​គំរាម​ទៅលើ​នគរបាល​​ចរារណ៍ ​ខណៈ​ដែល​នគរបាល​​បានធ្វើការ​ឃាត់​​ផាក​ពិន័យ ។
ហេតុការណ៍ខាងលើនេះ ​បានបង្ក​ឱ្យមាន​ការភ្ញាក់​ផ្អើល​​​កាល​ពីម៉ោង​​១០ ​ និង​១៥នាទីព្រឹកថ្ងៃទី​២៨ កុម្ភៈ​ ២០១៥​ ស្ថិត​នៅតាម​​បណ្តោយ​ផ្លូវជាតិ​លេខ​០៤ ចន្លោះគីឡូម៉ែត្រ​៤៣-៤៤ ​ក្នុងភូមិរលាំង​សង្កែ​ សង្កាត់​សុព័រទេព ​​ក្រុងច្បារមន​ ខេត្តកំពង់ស្ពឺ ។
ប្រភព​​ពីនគរបាល​ចរាចរណ៍​បានឱ្យ​ដឹងថា ​មុនពេលកើតហេតុ ​មាន​រថយន្តមែរហ្សឺដែស​មួយគ្រឿង ​ពាក់ស្លាកលេខ​ភ្នំពេញ ​2AD-​2229 ​ បើកបរ​ដោយ​បុរស២នាក់​ស្លៀកពាក់ស៊ីវិល​ដែលពេលនោះមិនទាន់ស្គាល់​អត្តសញ្ញាណ​ ដោយបើក​ក្នុង​ល្បឿន​​៩៥គីឡូម៉ែត្រ​​ក្នុង​១​ម៉ោង​ ​( លើសល្បឿន​កំណត់៤០​គីឡូ​ម៉ែត្រ​​សម្រាបទីប្រជុំជន) ​​តម្រូវ​​ឱ្យ​ធ្វើការ​​ផាកពិន័យ​ចំនួន​​ទឹកប្រាក់​១២០០០រៀល​ ។
បន្ទាប់ពីជនសង្ស័យ​ដែលបាញ់គំរាមនោះ​បានហុចលុយតាមការពិន័យ​រួចមក និងបើកចេញបានប្រមាណ៤ទៅ៥ម៉ែត្រ​ ស្រាប់តែជន​សង្ស័យ​បាន​ដក​កាំភ្លើង​ខ្លីម៉ាកឡុក ​​បាញ់​ចេញ​ពី​​ក្នុង​​រថយន្ត​ទៅលើមេឃ​​ជាច្រើនគ្រាប់​ ​ធ្វើ​ឱ្យ​សមត្ថកិច្ច​​ភ័យ​​ស្លន់ស្លោគ្រប់គ្នា ។
ក្រោយការបាញ់គំរាម​ប៉ូលិសចរាចរណ៍នោះរួចមក ​សមត្ថកកិច្ចក៍បានស្រាវជ្រាវ​តាមរយៈស្លាកលេខរថយន្តខាងលើ ​ទើបកំណត់​អត្តសញ្ញាណជន​សង្ស័យ​និង​បានចូលសារភាព​នៅព្រឹកនេះ ។
សេចក្តីរាយការណ៍​ពីខេត្តកំពង់ស្ពឺនោះវិញ ​មកដល់ម៉ោង១០និង៥៧នាទី​ព្រឹកថ្ងៃទី១០មីនានេះ ​ជនសង្ស័យមិនទាន់ត្រូវ​បាននំាខ្លួនដល់ស្នងការដ្ឋាន​នគរបាល​ខេត្តនៅ​ឡើយ​ទេ ៕




0 comments:

Post a Comment

 
Powered by Blogger.

Categories

Copyright 2015 Spread News - All Rights Reserved.