• RSS
  • Delicious
  • Digg
  • Facebook
  • Twitter

Sunday, March 8, 2015

អាជ្ញាធរ​រឹប​អូស​​មឈូស​សិប្បនិម្មិត​ពី​ក្រុម​អ្នក​តវ៉ា​នៅ​ថ្ងៃ​សិទ្ធិ​នារី​អន្តរជាតិ

​      ពលរដ្ឋ​នៅ​សហគមន៍​ដីធ្លី​រៀបចំ​ក្ដារមឈូស "សិទ្ធិ​នារី" និង "តុលាការ" ព្រម​ទាំង​បដា ទាមទារ​ឲ្យ​រដ្ឋាភិបាល​គោរព​សិទ្ធិ​មនុស្ស        និង​ដោះលែង​សកម្មជន​ដីធ្លី នៅ​ខាង​មុខ​ក្រសួង​កិច្ចការ​នារី នៅ​ថ្ងៃ​៨ មីនា ២០១៥                    ​​                                           
អាជ្ញាធរ​ខណ្ឌ​ដង្កោ នៅ​ព្រឹក​ថ្ងៃ​ទី​៨ មីនា  បាន​រឹបអូស​យក​ក្តារ​មឈូស​សិប្បនិម្មិត​ពី​ក្រុម​អ្នក​តវ៉ា​សហគមន៍​ដីធ្លី ខណៈ​ដែល​អ្នក​តវ៉ា​ទាំង​នោះ​កំពុង​ហែ​ក្បួន​ពី​អគារ​ក្រសួង​កិច្ចការ​នារី ក្នុង​ខណ្ឌ​មានជ័យ ឆ្ពោះ​ទៅ​កាន់​ពន្ធនាគារ​ព្រៃ​ស ក្នុង​ខណ្ឌ​ដង្កោ។
ក្តារ​មឈូស​ចំនួន ២ ដែល​សមត្ថកិច្ច​បាន​រឹបអូស​នោះ ត្រូវ​បាន​អ្នក​តវ៉ា​ធ្វើ​ឡើង​ដើម្បី​ជា​និមិត្តរូប​បង្ហាញ​ថា ការ​គោរព​សិទ្ធិ​នារី​នៅ​កម្ពុជា បាន​ស្លាប់ ហើយ​តុលាការ​នៅ​កម្ពុជា ក៏​បាន​ស្លាប់​ដូចគ្នា។
ព្រះសង្ឃ សហគមន៍​ដីធ្លី និង​ប្រជាពលរដ្ឋ​ប្រមាណ​ជាង ២០០​នាក់ បាន​ទៅ​ប្រមូល​ផ្តុំ​គ្នា​តាំង​ពី​ព្រឹក​នៅ​មុខ​អគារ​ក្រសួង​កិច្ចការ​នារី​ថ្មី ដែល​ឋិត​នៅ​ក្នុង​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌ​មានជ័យ។ គោល​បំណង​នៃ​ការ​ជួបជុំ​នៅ​ទី​នោះ គឺ​ដើម្បី​ដាក់​សេចក្ដី​ថ្លែងការណ៍​ឲ្យ​ក្រសួង​កិច្ចការ​នារី​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា គោរព​សិទ្ធិ​ស្ត្រី​ឲ្យ​បាន​ពេញលេញ និង​ឲ្យ​ដោះលែង​សកម្មជន​ដីធ្លី និង​ព្រះសង្ឃ​ទាំង ១២​នាក់/អង្គ ឲ្យ​មាន​សេរីភាព​ឡើង​វិញ។
ក្នុង​ពេល​ប្រមូល​ផ្តុំ​នៅ​មុខ​ក្រសួង​កិច្ចការ​នារី​នោះ ក្រុម​អ្នក​តវ៉ា​ដែល​ភាគ​ច្រើន​ពាក់​អាវ​យឺត និង​បូ​ពណ៌​ខ្មៅ មាន​សរសេរ​អក្សរ​ថា ដោះលែង​សកម្មជន​ដីធ្លី ហើយ​ខ្លះ​ទៀត​កាន់​ផ្កាឈូក ខ្លះ​កាន់​ទង់ព្រលឹង បាន​នាំ​គ្នា​ឈរ​ជុំវិញ​ក្ដារ​មឈូស​ចំនួន​២ ដែល​ក្រុម​តវ៉ា​បាន​រៀបចំ​ជា​ស្រេច​ដាក់​ផ្ដេក​ទន្ទឹម​គ្នា​នៅ​ចំ​ពីមុខ​ក្រសួង​កិច្ចការ​នារី ដែល​មើល​ទៅ​ហាក់​កំពុង​ត្រៀម​រៀបចំ​ធ្វើ​ពិធី​បុណ្យ​សព​មួយ​អ៊ីចឹង។​
នៅ​លើ​ក្តារ​មឈូស​ទាំង​២​នោះ មាន​សរសេរ​អក្សរ​ថា សិទ្ធិ​នារី និង តុលាការ ដែល​ក្រុម​អ្នក​តវ៉ា​ចង់​បង្ហាញ​ថា ការ​គោរព​សិទ្ធិ​នារី​នៅ​កម្ពុជា បាន​ស្លាប់ ចំណែក​តុលាការ​នៅ​កម្ពុជា ក៏​បាន​ស្លាប់​រួច​ហើយ​ដែរ។ យ៉ាងណាក៏ដោយ ក្នុង​ពេល​តវ៉ា​នោះ ក្រុម​អ្នក​តវ៉ា​មិន​បាន​ជួប​ជាមួយ​មន្ត្រី​ក្រសួង​កិច្ចការ​នារី​ដើម្បី​ដាក់​សេចក្ដី​ថ្លែងការណ៍​របស់​ពួកគេ​ឡើយ ព្រោះ​វា​ជា​ថ្ងៃ​ឈប់​សម្រាក គ្មាន​អ្នក​ណា​មក​ធ្វើការ​នោះ​ទេ។
ក្រោយ​ពី​ការ​ជួបជុំ​ប្រមាណ​ជាង​មួយ​ម៉ោង ក្រុម​អ្នក​តវ៉ា​ក៏​បាន​ធ្វើ​ដំណើរ​ចាក​ចេញ​ពី​ក្រសួង​កិច្ចការ​នារី ហែ​ក្បួន​តាម​បណ្ដោយ​ផ្លូវ​វ៉េងស្រេង ឆ្ពោះ​ទៅ​កាន់​ពន្ធនាគារ​ព្រៃ​ស៖ «សម្រែក​អ្នក​តវ៉ា»។
ក្បួន​ដង្ហែ​នាំ​មុខ​ដោយ​រ៉ឺម៉ក​កង់​បី​ដាក់​ក្តារ​មឈូស​នៅ​លើ​ដំបូល អម​ដំណើរ​ដោយ​ព្រះសង្ឃ និង​អ្នក​ចូលរួម​ខ្លះ​កាន់​ផ្កាឈូក ខ្លះ​កាន់​ទង់ព្រលឹង​ពណ៌​ស ដើរ​បន្ត​ពី​ក្រោយ ដែល​មើល​ទៅ​ប្រៀប​បាន​ទៅ​នឹង​ការ​ដង្ហែ​សព​យក​ទៅ​បូជា។ ក្នុង​ការ​ហែ​ក្បួន​នោះ បើ​ទោះ​ជា​សមត្ថកិច្ច​មិន​បាន​រារាំង​ដំណើរ​ក៏ដោយ ប៉ុន្តែ​ពួកគេ​បាន​រឹបអូស​យក​ក្ដារ​មឈូស​ពី​ក្រុម​អ្នក​តវ៉ា រួច​ដឹក​តាម​រថយន្ត​យក​ទៅ​បាត់។ នៅ​ពេល​ក្បួន​ធ្វើដំណើរ​ទៅ​ដល់​ពន្ធនាគារ​ព្រៃ​ស នគរបាល និង​កង​សន្តិសុខ​ប្រមាណ ១០០​នាក់ ត្រូវ​បាន​គេ​ដាក់​ពង្រាយ​នៅ​ទី​នោះ ប៉ុន្តែ​ពួកគេ​មិន​បាន​បង្ក្រាប ឬ​បំបែក​ការ​ប្រមូល​ផ្តុំ​របស់​អ្នក​តវ៉ា​ឡើយ។ យ៉ាង​ណា​ក៏ដោយ បន្ទាប់ពី​សម្រាក​បាយ​ថ្ងៃត្រង់​រួច ក្រុម​អ្នក​តវ៉ា​បាន​ដង្ហែ​ក្បួន​ជា​ថ្មី​នៅ​ក្បែរ​ពន្ធនាគារ​ព្រៃ​ស មុន​នឹង​បំបែក​គ្នា។ ក្នុង​ពេល​នោះ​ដែរ ពួកគេ​បាន​ដុត​ធូប និង​ទង់ព្រលឹង​ចោល ហើយ​បន្ត​ស្រែក​ទាមទារ​ឲ្យ​ដោះលែង​សកម្មជន​ដីធ្លី​ជា​ថ្មី។
តំណាង​សហគមន៍​បឹងកក់ អ្នកស្រី បូវ សោភា មាន​ប្រសាសន៍​ក្នុង​ពេល​នោះ​ថា អ្វី​ដែល​ក្រុម​អ្នកស្រី​កំពុង​តវ៉ា​នេះ គឺ​មិនមែន​ប្រឆាំង​រដ្ឋាភិបាល​នោះ​ឡើយ គឺ​គ្រាន់តែ​ធ្វើ​ដើម្បី​ឲ្យ​រដ្ឋាភិបាល​ដោះស្រាយ​ជម្លោះ​ដីធ្លី និង​ដោះលែង​សកម្មជន​ដីធ្លី​ដែល​កំពុង​ជាប់​ពន្ធនាគារ​ប៉ុណ្ណោះ។ អ្នកស្រី​បន្ត​ថា ស្រប​ពេល​ដែល​ពិភពលោក​កំពុង​អបអរសាទរ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ ៨ មីនា លើក​ទី​១០៤ អ្នកស្រី​ស្នើ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បន្ធូរ​ដៃដល់​សហគមន៍​របស់​អ្នកស្រី៖ «ថ្ងៃ​នេះ​ជា​ថ្ងៃ​សិទ្ធិ​នារី សុំ​ឲ្យ​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន បន្ធូរ​ដៃ ព្រោះ​ថា កូនៗ​របស់​ពួកគេ​កំពុង​ត្រូវការ ហើយ​អ្វី​ដែល​ពួកគេ​បាន​តវ៉ា គឺ​ដើម្បី​សិទ្ធិ​រស់​រាន​មាន​ជីវិត​ប៉ុណ្ណោះ គឺ​មិន​មែន​រស់​ដើម្បី​ប្រឆាំង​លោក ហ៊ុន សែន នោះ​ទេ»
ចំពោះ​ការ​រឹបអូស​យក​ក្តារ​មឈូស​ពី​អ្នក​តវ៉ា​ដោយ​អាជ្ញាធរ​វិញ ត្រូវ​បាន​អនុ​ប្រធាន​ផ្នែក ស៊ើបអង្កេត​និង​ក្រុម​មេធាវី​សមាគម​អាដហុក (Adhoc) លោក ណៃ វ៉ង់ដា កត់​សម្គាល់​ថា វា​ប្រហែល​ជា​អាជ្ញាធរ​យល់​ថា មឈូស​គឺ​តំណាង​ឲ្យ​សេចក្ដី​ស្លាប់ ឬ​ក៏​ជា​សញ្ញា ឬ​ប្រផ្នូល​មិន​ល្អ​សម្រាប់​រដ្ឋាភិបាល និង​អាជ្ញាធរ ទើប​ពួកគេ​រឹបអូស​យក​ពី​អ្នក​តវ៉ា​ដូច្នេះ។ យ៉ាង​ណា​ក៏ដោយ លោក​ថា នេះ​គ្រាន់តែ​ជា​សេរីភាព​ក្នុង​ការ​សម្ដែង​មតិ​របស់​ពលរដ្ឋ​ប៉ុណ្ណោះ៖«សហគមន៍ អង្គការ​សង្គម​ស៊ីវិល រដ្ឋាភិបាល​មាន​សិទ្ធិ​រៀបចំ​រៀងៗ​ខ្លួន។ ការ​ដក​ហូត​ក្តារ​មឈូស​ពលរដ្ឋ​នេះ គឺ​ជា​ការ​រំលោភ​សិទ្ធិ​របស់​សហគមន៍ ព្រោះ​ថា ពួកគាត់​មាន​សិទ្ធិ​រៀបចំ​តាម​បែប​របស់​ពួក​គាត់»
ចំណែក​អ្នក​គ្រប់គ្រង​បច្ចេកទេស​ការិយាល័យ​ស៊ើបអង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (Licadho) លោក អំ សំអាត ដែល​បាន​ចូលរួម​ឃ្លាំមើល​ការ​តវ៉ា​របស់​សហគមន៍​ដែរ​នោះ​យល់​ឃើញ​ថា ខណៈ​ដែល​ពិភពលោក​កំពុង​អបអរសាទរ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ ផ្ទុយ​ទៅ​វិញ នៅ​ប្រទេស​កម្ពុជា នារី​ដែល​បាន​តវ៉ា​ដើម្បី​ការពារ​សិទ្ធិ​សេរីភាព និង​សិទ្ធិ​លំនៅឋាន បែរ​ជា​ត្រូវ​អាជ្ញាធរ​ចាប់​ដាក់​គុក។ ចំពោះ​ការ​រឹប​អូស​យក​ក្ដារ​មឈូស​ពី​អ្នក​តវ៉ា​វិញ លោក អំ សំអាត ថ្លែង​ដោយ​អស់​សំណើច​ថា អាជ្ញាធរ​មិន​គួរ​ណា​ខ្លាច​ក្ដារ​មឈូស​ដល់​ថ្នាក់​នេះ​សោះ។ ប៉ុន្តែ​អ្វី​ដែល​អាជ្ញាធរ​ត្រូវ​ធ្វើ គឺ​ត្រូវ​គោរព​ច្បាប់ អនុវត្ត​ច្បាប់ និង​ត្រូវ​គិតគូរ​ពី​សុខទុក្ខ​របស់​ពលរដ្ឋ ជាពិសេស​ត្រូវ​ដោះស្រាយ​បញ្ហា​ដីធ្លី​ឲ្យ​ពួកគាត់​ដោយ​សន្តិវិធី​និង​យុត្តិធម៌៕​
ប្រភព អាស៊ីសេរី

0 comments:

Post a Comment

 
Powered by Blogger.

Categories

Copyright 2015 Spread News - All Rights Reserved.