• RSS
  • Delicious
  • Digg
  • Facebook
  • Twitter

Tuesday, March 10, 2015

ឆ្នាំ​2014 ប្រទេស​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត ជា​ប្រទេស​នាំ​ចូល​អាវុធ​ច្រើន​ជាងគេ​លើ​ពិភពលោក

របាយការណ៍​មួយ​របស់​ពួក​អ្នក​ជំនាញការ ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​៨ មីនា គូសបញ្ជាក់​ថា ប្រទេស​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត នាំមុខ​ឥណ្ឌា ដោយ​ក្លាយ​ក្នុង​ឆ្នាំ​២០១៤ ជា​ប្រទេស​នាំ​ចូល​ឧបករណ៍​យោធា​ច្រើន​ជាងគេ​ទី​មួយ​លើ​ពិភពលោក ខណៈ​ដែល​ទីផ្សារ​អាវុធ​មាន​ទំហំ​ធំ​ដល់​កម្រិត​កំពូល​ថ្មី ដោយសារ​ភាព​តានតឹង​នៅ​តំបន់​មជ្ឈិម​បូព៌ា និង​នៅ​អា​ស៊ី ។

របាយការណ៍​នេះ​រៀបរៀង​ដោយ​ការិយាល័យ​អ្នក​ជំនាញការ IHS JANES មាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡុ​ង​ដ៍ អះអាង​ថា ក្នុង​ឆ្នាំ​២០១៤​ការ​លក់​អាវុធ ដែល​មានការ​កើនឡើង​៦​ឆ្នាំ​ជាប់​ៗ​គ្នា ឡើង​ដល់​ទឹកប្រាក់​៦៩,៤​ពាន់​លាន​ដុល្លារ ទល់​នឹង​៥៦​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៣ ដែល​មានការ​កើនឡើង​១៣,៤% ។

លោក Ben Moores នៃ​ក្រុម IHS JANES និយាយ​ថា តួលេខ​កើន​ខ្ពស់ ដោយសារ​សេចក្តី​ត្រូវការ​ច្រើន​ពុំ​ធ្លាប់​មាន​ពី​មុន​មក របស់​បណ្តា​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ហក់​ឡើង នូវ​បណ្តា​យន្តហោះ​យោធា និង​ការ​កើនឡើង​នូវ​ភាព​តានតឹង​ក្នុង​តំបន់​មជ្ឈិម​បូព៌​៌ា និង​ក្នុង​តំបន់​អា​សុ​ី​-​ប៉ា​សុ​ី​ហ្វិ​ក ។

របាយការណ៍​នេះ​ដែល​ប្រមូល​ទិន្នន័យ​ពី​ប្រទេស​ប្រមាណ​ជា​៦៥ គូសបញ្ជាក់​ថា អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត ពេល​នេះ​ក្លាយជា​អ្នកទិញ​អាវុធ​ធំ​ជាងគេ​ទី​មួយ​លើ​ពិភពលោក ជាមួយ​ការ​នាំ​ចូល​អាវុធ​មាន​តម្លៃ​ដល់​ទៅ​៦,៤​ពាន់​លាន​ដុល្លារ ។ អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត កាលពី​ឆ្នាំ​២០១៣ ជា​អ្នក​នាំ​ចូល​អាវុធ​ធំ​ទី​២ បន្ទាប់​ពី​ឥណ្ឌា (៥,៥​ពាន់​លាន​ដុល្លារ​) ហើយ​ក្លាយជា​ទីផ្សារ​អាវុធ​សំខាន់​បំផុត​សម្រាប់​សហរដ្ឋអាមេរិក ។

របាយការណ៍​នេះ​បន្ត​ថា ការ​នាំ​ចូល​អាវុធ​របស់​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត កើន​៥៤% ហើយ​ក្នុង​ឆ្នាំ​២០១៥​នៅ​តែ​ខ្ពស់​ដល់​៩,៨​ពាន់​លាន​ដុល្លារ ។ ក្នុង​ឆ្នាំ​២០១៥ អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត ទិញ​អាវុធ​កាន់តែ​ច្រើន ហើយ​តំបន់​មជ្ឈិម​បូព៌​៌ា​ជាទី​ផ្សារ​តំបន់​ធំ​ជាងគេ​បំផុត​សម្រាប់​ការ​លក់​អាវុធ ជាមួយ​ទឹកប្រាក់​ប្រមាណ​ជា​១១០​ពាន់​លាន​ដុល្លារ​នៃ​ការ​នាំ​ចូល​សម្រាប់​ទស​វត្ស​ខាង​មុខ ។ អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត និង​អេ​មី​រ៉ាត​អា​រ៉ាប់​រួម ប្រទេស​ពីរ​នេះ​នាំ​ចូល​ឧបករណ៍​យោធា មាន​ទឹកប្រាក់​ដល់​៨,៦​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៤ ច្រើន​ជាង​អឺរ៉ុប​ខាងលិច​ទាំងមូល​ផង ។

ចំណែក​ការ​នាំ​ចេញ​វិញ របាយការណ៍​នេះ​ធ្វើការ​កត់​សម្គាល់ថា ជាមួយ​ការ​លក់​មាន​ទឹកប្រាក់​ដល់​ទៅ​២៣,៧​ពាន់​លាន​ដុល្លារ សហរដ្ឋអាមេរិក​ផ្តល់​១​ភាគ​៣​នៃ​ការ​នាំ​ចេញ​អាវុធ​លើ​ពិភពលោក ។ ប្រទេស​រុ​ស្សុ​ី​ដែល​ផ្តល់​អាវុធ​ជា​ពិសេស​ដល់​ចិន ស្ថិត​ក្នុង​លំដាប់​ទី​២ នៃ​អ្នក​នាំ​ចេញ​សម្ភារ​យោធា ជាមួយ​ការ​លក់​មាន​ទឹកប្រាក់​សរុប​១០​ពាន់​លាន​ដុល្លារ គឺ​កើន​៩% លើស​កាលពី​ឆ្នាំ​២០១៣ ។

ទោះបី​យ៉ាងណា បន្ទាប់​ពី​កំណើន​ជា​ច្រើន​ឆ្នាំ ការ​នាំ​ចេញ​អាវុធ​របស់​រុ​ស្សុ​ី​ប្រឈម​នឹង​ការ​លំបាក​នានា ហើយ​ជួប​ការ​ធ្លាក់​ចុះ​នៃ​ការ​នាំ​ចេញ​ក្នុង​ឆ្នាំ​២០១៥ ដែល​នេះ​អាច​បណ្តាល​មក​ពី​ទណ្ឌកម្ម​នានា​របស់​លោក​ខាងលិច ក្នុង​ក្រប​ខណ្ឌ​ជម្លោះ​នៅ​អ៊ុយ​ក្រែ​ន ។ ម្យ៉ាងវិញទៀត ការ​ធ្លាក់​ចុះ​នៃ​តម្លៃ​ប្រេងកាត នាំ​ឱ្យ​មាន​ផល​ប៉ះពាល់​ខ្លាំង​លើ​អតិថិជន​មួយ​ចំនួន​របស់​ក្រុង​មូ​ស្គូ ដូច​ជា​អុ​ី​រ៉​ង់ និង​វេ​ណេ​ស៊ុ​យ​អេ​ឡា ជាដើម ។

បន្ទាប់​ពី​សហរដ្ឋអាមេរិក និង​រុ​ស្សុ​ី បារាំង​ស្ថិត​ក្នុង​ចំណាត់ថ្នាក់​ទី​៣​លើ​ពិភពលោក​នៃ​បណ្តា​ប្រទេស​នាំ​ចេញ​ឧបករណ៍​ការពារ (៤,៩​ពាន់​លាន​ដុល្លារ​) បន្ទាប់​មក​គឺ​ប្រទេស​អង់គ្លេស (៤,១​ពាន់​លាន​ដុល្លារ​) អា​ល្លឺ​ម៉​ង់ (៣,៥​ពាន់​លាន​ដុល្លារ​) អុ​ី​តា​លី (១,៩​ពាន់​លាន​ដុល្លារ​) អុ​ី​ស្រា​អែ​ល (១,៧​ពាន់​លាន​ដុល្លារ​) និង​ចិន (១,៥​ពាន់​លាន​ដុល្លារ​) ។

IHS កត់​សម្គាល់ថា ចិន​ដែល​កាលពីមុន​ជា​អ្នក​នាំ​ចូល​អាវុធ​លំដាប់​ទី​៥ ពេល​នេះ​ស្ថិត​ក្នុង​លំដាប់​ទី​៣ ។ ចិន​បន្ត​ត្រូវការ​ជំនួយ​យោធា ពិសេស​យន្តហោះ​របស់​រុ​ស្សុ​ី ។

របាយការណ៍​នេះ​ក៏​បង្ហាញ​ដែរ​ថា កូរ៉េ​ខាងត្បូង​ដែល​ជា​អ្នក​នាំ​ចេញ​ឧបករណ៍​យោធា​មាន​ទឹកប្រាក់​៧៤០​លាន​ដុល្លារ ក្នុង​ឆ្នាំ​២០១៤​ក្លាយជា​អ្នកលក់​អាវុធ​សំខាន់​មួយ​នៅ​អា​សុ​ី ៕

0 comments:

Post a Comment

 
Powered by Blogger.

Categories

Copyright 2015 Spread News - All Rights Reserved.